សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា សហការជាមួយគយ រៀបចំវេទិកា គយនិង FASMEC លើកទី១ ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងសមត្ថភាពប្រកួតប្រជែង ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១» ក្រោមប្រធានបទ «ការគាំទ្រ និងគាំពារសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង» ដែលរៀបចំដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)។ វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងវិស័យឯកជន សមាគមធុរកិច្ច សហគ្រាសធុនតូចនិងមធ្យម (SMEs) និងភាគីពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងបង្កើតវេទិកាសន្ទនា និងពង្រឹងការយល់ដឹងរួមរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន សម្រាប់ផ្សព្វផ្សាយគោលនយោបាយ ស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា។ ក្នុងឱកាសនោះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម គឺជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្...