សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា សហការជាមួយគយ រៀបចំវេទិកា គយនិង FASMEC លើកទី១ ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងសមត្ថភាពប្រកួតប្រជែង ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

 (ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១» ក្រោមប្រធានបទ «ការគាំទ្រ និងគាំពារសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង» ដែលរៀបចំដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)។


វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងវិស័យឯកជន សមាគមធុរកិច្ច សហគ្រាសធុនតូចនិងមធ្យម (SMEs) និងភាគីពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងបង្កើតវេទិកាសន្ទនា និងពង្រឹងការយល់ដឹងរួមរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន សម្រាប់ផ្សព្វផ្សាយគោលនយោបាយ ស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា។

ក្នុងឱកាសនោះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម គឺជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែនៅតែប្រឈមបញ្ហាមួយចំនួន ដូចជា ការទទួលបានហិរញ្ញប្បទាន ការចាប់យកបច្ចេកវិទ្យា និងការចូលទីផ្សារ។ ឧកញ៉ាបានសម្តែងការពេញចិត្តចំពោះការរៀបចំវេទិកានេះ និងសង្ឃឹមថា កិច្ចសហការរវាង អគរ និង FASMEC នឹងរួមចំណែកដោះស្រាយបញ្ហាប្រឈម និងបង្កើតបរិយាកាសធុរកិច្ចកាន់តែអំណោយផលសម្រាប់ SMEs។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃ អគរ បានគូសរំលេចថា អគរ បាននិងកំពុងអនុវត្តកម្មវិធីកែទម្រង់ និងទំនើបកម្មវិស័យគយជាបន្តបន្ទាប់ ដើម្បីសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើមធ្វើធុរកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជន។ ទន្ទឹមនឹងនេះ ការធ្វើឌីជីថលូបនីយកម្ម ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ និងវិធានការលើកទឹកចិត្តផ្នែកគយសម្រាប់ SMEs បានរួមចំណែកកាត់បន្ថយពេលវេលាបំពេញបែបបទគយ និងបង្កើនប្រសិទ្ធភាពសេវាសាធារណៈ។

ក្នុងសុន្ទរកថាបើកវេទិកា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងចាត់ទុក SMEs ជាអាទិភាពសំខាន់ក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ និងវិធានការជាច្រើន ដើម្បីគាំទ្រ SMEs រួមមាន ការលើកទឹកចិត្តផ្នែកសារពើពន្ធ ការកែលម្អបរិយាកាសធុរកិច្ច ការសម្រួលពាណិជ្ជកម្ម ការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទាន ការចាប់យកបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍជំនាញ។


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានជម្រាបជូនអង្គវេទិកាអំពីការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍ SMEs និងការរៀបចំយន្តការចុះបញ្ជី និងចាត់ថ្នាក់ SMEs តាមប្រព័ន្ធឌីជីថល CamDX ដើម្បីបង្កើនភាពងាយស្រួល និងប្រសិទ្ធភាពក្នុងការទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល។

នាឱកាសនោះ អគរ និង FASMEC ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងគោលបំណងពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ព្រមទាំងបង្កើតយន្តការសន្ទនា និងផ្លាស់ប្តូរព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព។

សូមជម្រាបថា វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ដោយមានបទបង្ហាញបច្ចេកទេស កិច្ចពិភាក្សា និងវេទិកាសំណួរ-ចម្លើយ លើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការចុះបញ្ជី គោលនយោបាយគាំទ្រ SMEs ការលើកទឹកចិត្តសារពើពន្ធ កិច្ចសម្រួលពាណិជ្ជកម្ម និងការជំរុញការនាំចេញ-នាំចូល ដើម្បីរួមចំណែកគាំទ្រការអភិវឌ្ឍ SMEs នៅកម្ពុជាឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់៕⁩


Comments